លោកជំទាវ មិថុនា ភូថង៖ បច្ចុប្បន្នខេត្តកោះកុងកំពុងយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យទេសចរណ៍
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកោះកុងកំពុងយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យទេសចរណ៍ដោយសារខេត្តកោះកុងជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិមានសក្ដានុពលខាងផ្នែកទេសចរណ៍ធម្មជាតិ និងតំបន់កោះមួយចំនួន។
នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» នារសៀលថ្ងៃទី២១ ខែកុម្ភៈលោកជំទាវអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកោះកុងកំពុងនិងយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យទេសចរណ៍ជាច្រើនដូចជា៖ តំបន់វិសមកាលតារាសាគរ, សណ្ឋាគារចំនួន ១៥កន្លែង ស្មើនឹង ៨៦៣បន្ទប់, ផ្ទះសំណាក់ចំនួន ១០៣កន្លែង ស្មើនឹង ១២១៩បន្ទប់, ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ១៥៥កន្លែង ស្មើនឹង ៥.៣៣១កៅអី, សហគមន៍ទេសចរណ៍ចំនួន ៥កន្លែង, រមណីយដ្ឋានខេត្ត ៤កន្លែង ស្មើនឹង ១៤៤បន្ទប់, សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹកចំនួន ០៣កន្លែង, សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវគោកចំនួន ០២កន្លែង, កីឡាមុជទឹកចំនួន ០១កន្លែង និងកន្លែងកំសាន្តផ្សេងៗដទៃទៀត។ ហើយក៏មានឆ្នេរសមុទ្រប្រវែងប្រមាណ ២១៥គីឡូម៉ែត្រ នៃប្រវែងឆ្នេរសមុទ្រសរុប ៤៤០គីឡូម៉ែត្រនៅទូទាំងប្រទេសកម្ពុជា ដែលជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក និងត្រូវបានប្រសិទ្ធនាមថា«តារារះនាទិសនិរតី» ដែលក្នុងនោះឆ្នេរតារាសាគរទទួលបានចំណាត់ថ្នាក់លេខ២ និងឆ្នេរចាំយាមទទួលបានចំណាត់ថ្នាក់លេខ៣ នៃជ័យលាភីប្រឡងឆ្នេរស្អាតខេត្តតំបន់សមុទ្រ។
លោកជំទាវបន្តថា តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាង មានទំហំសរុបចំនួន ៦២.០០០ហិចតានៅទូទាំងខេត្ត និងតំបន់អេកូទេសចរណ៍ធម្មជាតិនៅតាមបណ្តា ក្រុង-ស្រុក មួយចំនួនទៀតដូចជា៖នៅតាមដងផ្លូវជាតិលេខ៤៨, នៅជីពផាក និងតំបន់អារ៉ែងជាដើម។
លោកជំទាវអភិបាលខេត្ត បានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលំហែកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានា និងតំបន់សមាគមន៍ទេសចរណ៍ដែលមានចំនួនសរុប ២.១០៩.៧៩៧នាក់ ដែលក្នុងនោះរួមមាន៖
-ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិមានចំនួន ៤២៣.៦១៤នាក់ និងអន្តរជាតិមានចំនួន ៨៧.៧៦០នាក់
-ឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិមានចំនួន ៣៨៦.៦២៤នាក់ និងអន្តរជាតិមានចំនួន ៨៦.៥៥៥នាក់
-ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិមានចំនួន ៤២២.៣៤៤នាក់ និងអន្តរជាតិមានចំនួន ៣៧.៧៥០នាក់
-ឆ្នាំ២០២១ មានការធ្លាក់ចុះដោយសារបញ្ហាវិបត្តិកូវីដ១៩ គឺភ្ញៀវទេសចរជាតិមានចំនួន ២២.៧៩៣នាក់ និងអន្តរជាតិមានចំនួន ១.៥៥៤នាក់
-ឆ្នាំ២០២២ មានការក្រោកឡើងវិញ គឺភ្ញៀវទេសចរជាតិមានចំនួន ៤៣.០៤២នាក់ និងអន្តរជាតិមានចំនួន ៥.៨៦១នាក់ ៕