ឯកឧត្តម ចែម វីឌ៉្យា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ លើកទី៦ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ ២០២៥ ទីក្រុងហ្សាកាតា
ភ្នំពេញ៖ នៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៦ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ ២០២៥ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំបានផ្លាស់ប្តូរគំនិតទស្សនៈអំពី ចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ក្នុងបរិបទនៃការផ្លាសប្តូរយ៉ាងលឿនក្នុងសាកលលោក។
អង្គប្រជុំបានយល់ព្រមអញ្ជើញតំណាងពីប្រទេសទីម័រឡេស្តេឱ្យចូលរួមកិច្ចប្រជុំនៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ជាអ្នកសង្កេតការណ៍ ស្របតាមគោលការណ៍ណែនាំស្តីពីឋានៈរបស់អ្នកសង្កេតការណ៍ ដែលបានផ្តល់ជូនទៅទីម័រឡេស្តេក្នុងនាមជាប្រទេសដែលបានស្នើសុំចូលជាប្រទេសសមាជិកអាស៊ាន ដែលអនុម័តដោយកិច្ចប្រជុំលើកទី៣២ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កាលពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមការងារ HLTF-ACV ក៏បានជួបប្រជុំជាមួយមូលនិធិអាស៊ាន និងវិទ្យាស្ថានអាស៊ានសម្រាប់សន្តិភាព និងការផ្សះផ្សា (AIPR) ដែលបានចែករំលែកទស្សនៈ និងគំនិតរបស់ពួកគេ លើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ៕