រដ្ឋមន្ត្រីមហាផ្ទៃ៖ ការផ្ទេរថវិកាជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនឡើងដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត ៦០ ត្រូវបាន ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២»។
នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុង ការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។
សម្ដេចក្រឡាហោម បន្ថែមថា ក្រៅពីនេះរដ្ឋបាលថ្នាក់ក្រោមជាតិ បានទទួលថវិកាដែលភ្ជាប់ជាមួយនឹងការផ្ទេរមុខងារ និងថវិកាអន្ដរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័ននានា បានលើកកម្ពស់ការផ្ដល់សេវាយ៉ាងមានសារៈសំខាន់។ សម្ដេច បន្ដថា រដ្ឋបាលថ្នាក់ក្រោមជាតិបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀត ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផលនានាជាច្រើនទៀត ដែលក្រសួងមហាផ្ទៃខិតខំអនុវត្តសម្រេចបានក្នុងការងារបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និង ពន្ធនាគារ ការងារភស្ដុភារ និងហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ច និង ការដោះស្រាយពាក្យបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការងារកែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃជាមួយក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជាជាដើម៕