ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលាស្ដីពី “ការអភិរក្ស និងលើកតម្លៃមរត៌កវប្បធម៌អរូបី ៖ តម្បាញសំពត់ និងកន្សែងប្រពៃណី”
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ កម្មវិធីសិក្ខាសាលាស្ដីពី “ ការអភិរក្ស និងលើកតម្លៃមរត៌កវប្បធម៌អរូបី ៖ តម្បាញសំពត់ និងកន្សែងប្រពៃណី “ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមលោក-លោកស្រីប្រតិភូ អមដំណើរ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ សិប្បករ អាជីវករ លោក-លោកស្រី មន្ត្រីជំនាញ វិស័យវប្បធម៌ ទាំង២៥រាជធានី-ខេត្ត ធ្វើឡើងរយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ) នៅរីស៊ត ផាលែស តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា៖បច្ចុប្បន្នមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការសហការជាមួយរដ្ឋបាលខេត្ត បានបញ្ចូលជំនាញសិល្បៈអរូបីផ្នែកតម្បាញសំពត់ ក្រម៉ា កន្តេលកក់ផងដែរ។
លោកបានបន្តថា ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងចងក្រង សិល្បៈអរូបីទាំងនេះ ទុកជាឯកសារ ដើម្បីថែរក្សានូវមរតកអរូបី ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបន្សល់ទុក និងដើម្បីរក្សាទុក្យកូនខ្មែរគ្រប់ៗរូប ជាពិសេសយុវជនជំនាន់ក្រោយចូលរួមគោរព ស្រឡាញ់ ថែរក្សា ការពារឲ្យបានគង់វង្សតទៅអនាគត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ។
ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសិក្ខាសាលានេះ ឡើងដែលវាមានសារៈសំខាន់ដល់អ្នកពាក់ព័ន្ធ ក្នុងការប្រមូលយកធាតុចូល ដើម្បីយកមកពិភាក្សា សិល្បៈអរូបីផ្នែកតម្បាញសំពត់ ក្រម៉ា ជាពិសេសក្រម៉ាខ្មែរ ដែលគ្រោងនឹងដាក់ ដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនាពេលខាងមុខនេះ។
មានមតិបើកសិក្ខាសាលា លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានលើកឡើងថា ៖ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី រាប់ពាន់ និងបេតិកភណ្ឌអរូបីរាប់រយទម្រង់ ដែលជាកេរតំណែលបុព្វបុរសខ្មែរ បានបន្សល់ទុកដ៏ច្រើនសន្ធឹកសន្ធាប់មានដូចជា៖ បេតិកភណ្ឌរូបី ប្រាសាទ – ទួលប្រាសាទ – ទួលបុរាណ – ទួលកប់សពបុរាណ – ផ្លូវបុរាណ – ស្ពានបុរាណ មានរហូតដល់ជាង ១៣០០កន្លែង ។ ចំណែកបេតិកភណ្ឌអរូបីមាន ៖ សិល្បៈរបាំ – ចាប៉ី – ល្ខោនបាសាក់ និងមានចំណេះជំនាញធ្វើដូចជា៖ តម្បាញសំពត់ – ក្រម៉ា – កន្ទេលកក់ – ជាងចម្លាក់ជាដើម។
លោក បន្តថា ៖ គុណតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌ទាំងនេះ យើងទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា ការពារ ឲ្យបានគង់វង្សជានិរន្តរ៍ ដោយឈរលើគោល នយោបាយជាតិ ” អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ឈរលើគោលនយោបាយជាតិវប្បធម៌ យើងមានមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកអភិរក្ស គ្រប់គ្រង ថែរក្សា ការពារ សហការជាមួយ មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាផងដែរ៕