លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា បង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋានដោយប្រាកដប្រជា ពង្រឹងនិងពង្រីកមូលដ្ឋានស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនបានបើកកិច្ចប្រជុំពិភាក្សាទី៣ស្តីពីការបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋាននៅរសៀលថ្ងៃទី២១ខែកុម្ភៈ។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ការបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋានគឺជាតម្រូវការចាំបាច់ដើម្បីសម្រេចភាពឯករាជ្យម្ចាស់ការផ្នែកបច្ចេកវិទ្យាប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាផ្លូវតែមួយគត់ដើម្បីកសាង ប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើពិភពលោក។
គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវដាក់បញ្ចូលការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានក្នុងរបៀបវារៈដ៏សំខាន់នៃការងារបច្ចេកវិទ្យា បង្កើនការសម្របសម្រួល និងការគាំទ្រផ្នែកគោលនយោបាយ ដើម្បីជំរុញឱ្យការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
លោក Xi Jinpingបានគូសបញ្ជាក់ថា បក្សនិងរដ្ឋយកចិត្តទុកដាក់លើការងារសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានជាប់រហូត ។ បន្ទាប់ពីការបង្កើតប្រទេសចិនថ្មីជាពិសេសបន្ទាប់ពីការធ្វើកំណែទម្រង់និងបើកទូលាយមក ការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានរបស់ចិនបានទទួលសមិទ្ធផលដ៏សំខាន់ ។ បច្ចុប្បន្ន នវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងបដិវត្តន៍ឧស្សាហកម្មជុំថ្មីមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការឆ្លើយតបនឹងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាអន្តរជាតិ និងការសម្រេចភាពឯករាជ្យម្ចាស់ការកម្រិតខ្ពស់ ជំរុញការបង្កើតរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មីនិងសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺតម្រូវឱ្យយើងបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តជាមូលដ្ឋាន និងដោះស្រាយបញ្ហាបច្ចេកទេសគន្លឹះពីប្រភពដើមនិងពីស្រទាប់ខាងក្រោម៕