សម្ដេចក្រឡាហោម ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់ បង្កើនការតាមដាន ការវិវត្តសភាពការណ៍តំបន់ និងអន្តរជាតិ ដើម្បីដាក់ចេញវិធានការ ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងការគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុងប្រទេស ដើម្បីដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា “ការងារនេះ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍ តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍នៅផ្ទៃក្នុងប្រទេស សំដៅដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការ នានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិ លើកទី៧ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ និងការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាបន្តទៀត”។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា បើទោះបីក្នុងឆ្នាំ២០២២ កម្ពុជាបានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមនានាយ៉ាងណាក្តី ប៉ុន្តែផ្អែកតាមការ វាយតម្លៃលើសភាពការណ៍ប្រកួតប្រជែងដណ្តើមយកភូមិសាស្ត្រនយោបាយដ៏តានតឹង និងស្មុគស្មាញរបស់ប្រទេសមហាអំណាចនានា ដែលនឹងបន្ដធ្វើឱ្យមានបញ្ហាប្រឈមមកលើសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាសកល បង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕