កម្ពុជា ចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញ នៅរាជធានីភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៉ីហ្គេមមកដល់។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងពេលជួបទ្វេភាគីជាមួយ លោក សិន តានយ៉ាង (Shen Danyang) អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ ឯកឧត្តម ថោង ខុន បានឆ្លៀតប្រាប់គណៈប្រតិភូខាងចិន ពីដំណឹងដែលកម្ពុជាបានដាក់ក្បាច់គុនល្បុកត្តោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២២ កន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួន ដោយមានការពិភាក្សាគ្នារវាងថ្នាក់អគ្គនាយកអន្តរជាតិ នៃក្រសួង ទេសចរណ៏ កម្ពុជា ជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួចហើយ នាអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិនថ្មីៗនេះ ដូចជា ការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៉ីហ្គេម» ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី លោកក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ ទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមបានអញ្ជើញគណៈប្រតិភូខេត្តហៃណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។
សៅលិញ គឺជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត នៃក្បាច់គុនកុងហ្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលិញ (Shaolin) ក្នុងខេត្តហឺណាន់ (Henan) នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន។
ក្នុងឱកាសនោះដែរ លោក សិន តានយ៉ាង បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ច របស់លោក រួមមាន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហៃណាន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌, ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសអាស៊ានផងដែរ។
ចំពោះព្រឹត្តិការណ៍ស៉ីហ្គេម លោក សិន តានយ៉ាង បានលើកឡើងដែរថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក។ លោក សិន តានយ៉ាង ក៏បានអញ្ជើញភាគីខាងកម្ពុជា ទៅចូលរួមវេទិកាបូអាវ នៅចុងឆ្នាំ២០២៣នេះ ផងដែរ៕