គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តសណ្តោងនៅស្រុកថ្ពង បណ្តាលឲ្យស្លាប់ ២នាក់
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៩១- ៩២ ត្រង់ចំណុចភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយគោយន្តសណ្តោងរទេះបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយស្លាប់មនុស្ស០២នាក់នៅកន្លែងកើតហេតុ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FI-1855 អ្នបើកបរឈ្មោះ យឹម នឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិផ្គរ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបន្តថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក្នុងទិសដៅពីកើតទៅលិច បានឡើងវ៉ាជែងរថយន្ត១គ្រឿង រួចក៏ជ្រុលទៅបុកជាមួយគោយន្ត១គ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ម៉ាក KOBOTA ពណ៌ក្រហម។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋានបានចុះរត់គេចខ្លួន បន្ទាប់ពីកើតហេតុ។ ករណីនេះបណ្តាល អោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាង២គ្រឿងខាងលើ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី៕