ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាបាល់ទះកម្ពុជា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាគ្រូបង្វឹក និង ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះ កីឡាបាល់ទះកម្ពុជា ដោយក្នុងនោះ បន្ទាប់ពីការប្រកួតមិត្តភាពលើកទី១ រវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និង ក្រុមបាល់ទះជម្រើសជាតិក្រោមអាយុ១៩ ឆ្នាំបារាំង សម្តេចបានផ្តល់នូវឱវ៉ាទដ៏ល្អៗ ប្រកបដោយលក្ចណៈបច្ចេកទេស ចិត្តសាស្ត្រ និង យុទ្ធសាស្ត្រ ដើម្បីយកឈ្នះគូរប្រកួត ព្រមជាមួយការលើកទឹកចិត្តដល់ក្រុមកីឡាករផងដែរ ។
នាយឧត្តមសេនីយ៍បន្តថា ជាក់ស្តែង ឱវ៉ាទដ៏ល្អ និង ការជំរុញទឹកចិត្តដ៏ខ្ពង់ខ្ពស់ របស់ សម្តេច បានក្លាយជាកម្លាំងចលករដ៏សំខាន់ ធ្វើឲក្រុមកីឡាកររបស់យើង ឈានដល់ការទទួលបានជ័យជំនះក្នុងការប្រកួតមិត្តភាពលើកទី២ ទៅលើ ក្រុមបារាំងក្រោមលទ្ធផល ៣ សិត ទល់ នឹង ១។
ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាគ្រូបង្វឹក និង ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ពុកម៉ែបងប្អូន ទស្សនិកជនទាំងអស់ ដែលបានចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក៏ដូចជា ទស្សនាតាមកញ្ចក់ទូរទស្សន៍ និង ប្រព័ន្ធបណ្តាញសង្គម ដែលការគាំទ្រយ៉ាងពេញទំហឹងនេះ បានជំរុញទឹកចិត្តដល់ក្រុមកីឡាករយើង ធ្វើបានយ៉ាងល្អ ប្រកបដោយជំនឿចិត្តខ្ពស់ ឈានទៅដល់ការយកឈ្នះលើក្រុមយុវជនបារាំងបាន។
ក្រុមគ្រូបង្វឹក និង កីឡាកររបស់យើង សូមធ្វើការប្តេជ្ញាចិត្ត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជនរួមជាតិ អ្នកគាំទ្រទាំងអស់ថា នឹងខិតខំបន្តហ្វឹកហាត់ ដកពិសោធបច្ចេកទេសបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្តើមបានជោគជ័យ នាការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ៕