ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។
គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបានបញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩,៨៦៤នាក់ (នារី ១១,២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប ២៤៩នាក់ (នារី ១៣៩នាក់) ៕