លោកជំទាវ ម៉ែន សំអន៖ គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ខេត្ត ត្រូវរួមគ្នាលើកកម្ពស់ក្នុងការផ្តល់ឋានៈ តួនទីដល់ស្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈ ប្រពន្ធ័ (ZOOM)។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូលនៅក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណៈទាំងពីរ ដែលបានខិតខំបំពេញការងាររហូតសម្រេចលទ្ធផលបានគួរជាទីមោទនៈ រយៈពេលពេញមួយឆ្នាំ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់នូវអានុសាសន៍ចំនួន ៥ចំណុច ជូនដល់គណៈទាំងពីរសម្រាប់អនុវត្តបន្ត និងបានក្រើនរំលឹកដល់គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ខេត្ត ត្រូវបន្តយកចិត្តទុក្ខដាក់អនុវត្តស្របតាមអានុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី កាលពីថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២៣ ក្នុងការលើកកម្ពស់ក្នុងការផ្តល់ឋានៈ តួនាទី ដល់ស្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានក្រើនរំលឹកដល់នារីនៅគ្រប់ថ្នាក់ តបតាមការអំពាវនាវរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព) ដើម្បីឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ជាពិសេស ទុកសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោតនាពេលខាងមុននេះ ៕