ដោះស្រាយបញ្ហាដែលត្រូវបានបរទេសរារាំង ប្រទេសចិននឹងអនុវត្តវិធានការថ្មីក្នុងវិស័យការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋាន
ថ្ងៃទី២១ខែកុម្ភៈ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនបានបើកកិច្ចប្រជុំពិភាក្សាសិក្សាជាសមូហភាពអំពី” ការបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋាន” ។ បន្ទាប់ពីបានស្តាប់ការពន្យល់ពីអ្នកជំនាញ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានធ្វើអត្ថាធិប្បាយដ៏ស៊ីជម្រៅចំពោះប្រធានបទនេះ។
តើ“ ការសិក្សាជាសមូហភាព” ជាអ្វី?
ការសិក្សាជាសមូហភាពនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ជាយន្តការសិក្សាមួយប្រភេទនៃបក្សកាន់អំណាចដើម្បីលើកកម្ពស់កម្រិតធ្វើអភិបាលកិច្ចជាតិ និងជាលក្ខណៈពិសេសដ៏ធំមួយនៃការធ្វើអភិបាលកិច្ចនៃបក្សកុម្មុយនីស្តចិន។ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សជាស្រទាប់ធ្វើការសម្រេចនៃបក្សកាន់អំណាចចិន បានរួមគ្នាសិក្សានិងពិភាក្សាពីបញ្ហាគន្លឹះនៃការអភិវឌ្ឍជាតិចិននិងចំណេះដឹងជំនាញផ្សេងៗដែលប៉ះពាល់ដល់ការអភិវឌ្ឍជាតិ ក្នុងបំណងបន្តលើកកម្ពស់សមត្ថភាពនិងកម្រិតធ្វើអភិបាលកិច្ចប្រទេសជាតិ។ ការសិក្សាជាសមូហភាពបែបនេះជារៀងរាល់ឆ្នាំនឹងធ្វើឡើងចំនួន ៧ ឬ ៨លើក។
ហេតុអ្វីយកចិត្តទុកដាក់លើការស្រាវជ្រាវអំពីវិទ្យាសាស្ត្រមូលដ្ឋាន?
ការស្រាវជ្រាវអំពីវិទ្យាសាស្ត្រមូលដ្ឋានជាទីចាប់ផ្តើមតភ្ជាប់ដំណាក់កាលស្រាវជ្រាវបច្ចេកវិទ្យាពោលគឺ ស្រាវជ្រាវ-អនុវត្ត-ធ្វើការផលិត។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានបញ្ចូលយ៉ាងជ្រាលជ្រៅទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈការប្រកួតប្រជែងបច្ចេកវិទ្យាអន្តរជាតិក៏កាន់តែខ្លាំងឡើងក្នុងវិស័យបច្ចេកវិទ្យាមូលដ្ឋាននិងបច្ចេកវិទ្យាជឿនលឿន។ ក្រៅពីនេះ សហរដ្ឋអាមេរិកបានញុះញង់ប្រទេសជាសម្ព័ន្ធមិត្តរួមគ្នាប្លុកប្រទេសចិន ដាក់កំហិតលើប្រទេសចិន ដើម្បីទប់ស្កាត់វិស័យបច្ចេកវិទ្យាខ្ពស់របស់ចិន។ ពេលធ្វើការចាត់ចែងរៀបចំពីរថនាបទអភិវឌ្ឍថ្មីរបស់ប្រទេសចិន លោក Xi Jinping បានផ្តោតសំខាន់លើការធ្វើច្នៃប្រឌិតថ្មីនិងពង្រឹងខាងបច្ចេកវិទ្យាដោយម្ចាស់ការ ហើយការស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋានជាចំណែកដ៏គន្លឹះមួយ។ការយកចិត្តទុកដាក់ចំពោះការស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន បានបង្ហាញឱ្យឃើញថា ពេលធ្វើអភិបាលកិច្ច បក្សកុម្មុយនីស្តចិនផ្តោតសំខាន់ទាំងការដោះស្រាយបញ្ហាសំខាន់ ដោយប្រព័ន្ធនិងគិតគូរយ៉ាងវែងឆ្ងាយ។
ការសិក្សាជាសមូហភាពលើកនេះមានអ្វីគួរឱ្យកត់សម្គាល់ទៀត?
ប្រទេសចិននឹងបង្កើនការធានាផ្នែកយន្តការ ការបណ្តាក់ទុន ការបណ្តុះបណ្តាលធនធានមនុស្សនៃវិស័យស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន។ លោក Xi Jinping បានលើកឡើងជាពិសេសថា ៖ «ប្រទេសចិននឹងខិតខំជំរុញឱ្យវិស័យបច្ចេកវិទ្យាអន្តរជាតិឱ្យបើកទូលាយ មានទំនុកចិត្ត ធ្វើសហប្រតិបត្តិការ ទទួលបានការច្នៃប្រឌិតថ្មីបង្កើតថ្មីដ៏សំខាន់ៗនិងការបំផុសនៃបច្ចេកវិទ្យាស្នូលគន្លឹះចំនួនកាន់តែច្រើន ដើម្បីរួមចំណែកកាន់តែធំនិងកាន់តែថ្មីក្នុងការជំរុញអរិយធម៌មនុស្សជាតិ។» នេះជាការបង្ហាញក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន នៃទស្សនគំនិតសហគមន៍រួមវាសនាមនុស្សជាតិដែលលោកបានផ្តួចផ្តើម ហើយក៏ជាការបន្តអភិវឌ្ឍនៃទស្សនៈគំនិតពិភពលោកស្តីពី ” ទូទាំងពិភពលោកជាមហាគ្រួសារតែមួយ” ដែលប្រជាជនចិនបានប្រកាន់ខ្ជាប់តាំងពីបុរាណកាលរហូតមក។លោកបានលើកឡើងថា បើមនុស្សជាតិចង់ដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍរួម ត្រូវធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការបើកទូលាយនិងចែករំលែកគ្នាជាងពេលណាៗទាំងអស់។ ប្រទេសចិននឹងបង្កើតវេទិកាស្រាវជ្រាវនិងសហប្រតិបត្តិការបច្ចេកវិទ្យាមូលដ្ឋានអន្តរជាតិ នឹងបង្កើតមូលនិធិស្រាវជ្រាវបច្ចេកវិទ្យាចំពោះពិភពលោក នឹងផ្តោតលើបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ សុវត្ថិភាពថាមពល សុវត្ថិភាពជីវសាស្ត្រ ការប្រើប្រាស់អវកាសក្រៅផែនដីជាដើម ដើម្បីពង្រីកនិងធ្វើឱ្យការសហស្រាវជ្រាវបច្ចេកវិទ្យារវាងចិននិងអន្តរជាតិកាន់តែស៊ីជម្រៅ៕