រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យផលិតករ ពាណិជ្ជករកម្ពុជា ខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាបឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាម គោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។
ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។
ជាលទ្ធផលយើងសង្កេតឃើញថា ផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេសដែលកំពុងធ្វើចរាចរនៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថាការការរីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ។
សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួនជាង១០០។ ក្នុងអំឡុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនទៀតផងដែរ ដូចជា ការចម្អិនម្ហូបអាហារខ្មែរ កម្មវិធីសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាពសម្រាប់កុមារ និងការលេងសិល្បៈខ្មែរកំដរក្នុងពេលរាត្រីផងដែរ៕