ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ សេងលី ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ សេងលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅរាជធានីភ្នំពេញ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម វ៉ាន់ សេងលី និងក្រុមគ្រួសារ។
ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់ឯកឧត្តម វ៉ាន់ សេងលី និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ដូចជាធ្លាប់បានបម្រើការងារជាអ្នកយកព័ត៍មាន ជាអនុប្រធាននាយកដ្ឋាននិពន្ធ ជាប្រធាននាយកដ្ឋាននិពន្ធ អគ្គនាយករងវិទ្យុសម្លេងប្រជាជនកម្ពុជា អគ្គនាយកវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងឃោសនាការនិងវប្បធម៌ ជាអគ្គលេខាធិការសមាគមអ្នកកាសែតកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន២អាណត្តិ បច្ចុប្បន្ន ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នាឱកាសនោះ ឯកឧត្តម វ៉ាន់ សេងលី បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកនិងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ ខ្ញុំនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។ ការសួរសុខទុក្ខនេះគឺជាប្រពៃណីមួយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ហើយខ្ញុំសូមសំណូមពរឱ្យពង្រីកសកម្មភាពនេះ ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមបានលើកឡើងថា សមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយឯកឧត្តមក៏បានបញ្ជាក់ពីការបន្តគាំទ្រ ចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នៃរដ្ឋសភានិងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន។
ឯកឧត្តមក៏បានរំលឹកថាយុវជនគណបក្សដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្ស គ្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានខិតខំកសាងឡើងមក
២. កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតនៅពេលបច្ចុប្បន្ន
៣. រៀបចំមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត
៤. យុវជនត្រូវរៀនសូត្រ និងដកបទពិសោធន៍ល្អៗពីយុវជនជំនាន់មុន ក្ដាប់សភាពការណ៍ជាតិ និងអន្តរជាតិឱ្យបានគ្រប់ជ្រុងជ្រោយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង តម្កល់ផលប្រយោជន៍ជាតិជាធំ ដោះស្រាយបញ្ហាប្រឈមនានាដោយសេចក្ដីក្លាហានមោះមុត ស្របតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពសម្បូររុងរឿង និងសុភមង្គល។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម វ៉ាន់ សេងលី និងជូនពរដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងបានសមប្រកបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕