អភិបាលខេត្តត្បូងឃ្មុំ៖ ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសុមធម្មរង្សី ហៅវត្តទួលពិសិដ្ឋ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគ្រប់ៗអាណត្តិ។
បើយោងតាមការឲ្យដឹងពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការក្នុងវត្តសុខធម្មរង្សី ហៅវត្តទួលពិសិដ្ឋ នាពេលនេះរួមមានឧបដ្ឋានសាលា ទំហំ១៦មX២៨ម ចំណាយអស់ថវិកា១៨០.០០០ដុល្លា រួមទាំងសមិទ្ធផលនានាសរុបចំណាយថវិកា ១៨៧.៧០០ដុល្លា ដោយបច្ចុប្បន្ននៅជំពាក់ថ្លៃសម្ភារ និងឈ្នួលជាង ថវិកាចំនួន ៣.៥០០ដុល្លា៕