លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកសាង និងថែរក្សាសមិទ្ធិផលព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី និងសមិទ្ធផលផ្សេងៗ នៅក្នុងមជ្ឍមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាននិងរួមសុខទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។ ទន្ទឹមគ្នាជាមួយគ្នានោះផងដែរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋទាំងអស់គ្នាប្រារព្ធ ពិធីសាសនាដ៏ធំនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកគ្រប់រូប។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា មហាប្រាសាទទេវពលី ដែលយើងកំពុងប្រារព្ធពិធីឆ្លងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្ត កំពង់ស្ពឺ ដែលនឹងរួមចំណែកទាក់ទាញពុទ្ធសាសនិក និងទេសចរណ៍ឱ្យមកទស្សនា និងបួងសួងសុំសេចក្តីសុខ ដែលជួយជម្រុញវិស័យទេសចរណ៍ធម្មជាតិ និងទេសចរណ៍សាសនា និងវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស នៅខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនថែមមួយកំរិតទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នា ថែរក្សានូវសមិទ្ធិផលព្រះពុទ្ធសាសនាឲ្យនៅគង់វង្សឋិតឋេរ សម្រាប់ទកជាទីកន្លែងសក្ការៈនៃពុទ្ធបរិស័ទយេីង ក្រោមម្លប់នៃសុខសន្តិភាព ។
ជាចុងក្រោយ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គជាកិច្ចបង្ហេីយបុណ្យផងដែរ ៕