លោក មុត ចន្ថា ប្រាប់ទៅលោក រ៉ុង ឈុន ថាលោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេ ទោះកាលៈទេសៈណាក៏ដោយ
ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានអះអាងប្រាប់ទៅលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ លោក កឹម សុខា នឹងមិនទៅដឹកនាំ គណបក្សភ្លើងទៀននោះឡើយ។
សូមរំលឹកថា ការលើកឡើងរបស់ មនុស្សជំនិតលោក កឹម សុខា បែបនេះបានធ្វើឡើងបន្ទាប់ពី លោក រ៉ុង ឈុន អនុប្រធានបក្សភ្លើងទៀន បានលើកឡើងថា ប្រសិនបើលោក កឹម សុខា ត្រូវបានលើកលែងពីការចោទប្រកាន់ និងអាចធ្វើសកម្មភាពនយោបាយវិញ លោកនឹងទៅអញ្ជើញលោក កឹម សុខា ឱ្យទៅធ្វើជាមេដឹកនាំគណបក្សភ្លើងទៀនដោយផ្ទាល់។
លោក មុត ចន្ថា គូសបញ្ជាក់ថា អនុប្រធានបក្សភ្លើងទៀន រ៉ុង ឈុន ខំទូងស្គរលេងប៉ាហ៊ី ដោយព្យាយាមស្រែកបន្លំយកឈ្មោះរបស់ ឯកឧត្តម កឹម សុខា មកភ្ជាប់ជាមួយបក្សភ្លើងទៀន នៅក្រោមលេសអញ្ជើញ ឯកឧត្តម កឹម សុខា ឱ្យទៅដឹកនាំបក្សភ្លើងទៀន។ ទោះបីនិយាយពិត ឬបន្លំ ក៏វាមិនអាចទៅរួចឡើយ ។
មនុស្សជំនិតលោក កឹម សុខា សង្កត់ធ្ងន់ថា «ជានិច្ចជាកាល ខ្ញុំតែងតែនៅជាប់ជាមួយ ឯកុឧត្តម កឹម សុខា រហូតមកដល់ពេលនេះ ខ្ញុំស្គាល់ច្បាស់ និងដឹងយ៉ាងប្រាកដ អំពីទស្សនៈ គោលការណ៍ និងគោលជំហររបស់ ឯកឧត្តម កឹម សុខា ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ គឺ «លោកនឹងមិនទៅដឹកនាំបក្សភ្លើងទៀន ទោះក្នុងកាលៈទេសៈណា ក៏ដោយ»។ អ្វីដែលមិនអាចនោះ គឺទស្សនៈ គោលការណ៍ និងគោលជំហររបស់មេដឹកនាំបក្សភ្លើងទៀន ផ្ទុយស្រឡះពី ឯកឧត្តម កឹម សុខា ហើយអ្នកនយោបាយអគុណធម៌មួយចំនួន នៃបក្សភ្លើងទៀន បានវាយប្រហារ និងប្រមាថមកលើលោក រួមទាំងអ្នកវិភាគរត់ចោលស្រុក ឈ្មោះ សេង សារី» ។
លោកបន្ថែមថា ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលធ្លាប់ បានថ្លែងជាសាធារណៈថា អាជ្ញាធរមានភស្តុតាងរឹងមាំរួចហើយ អំពីការជាប់ពាក់ព័ន្ធ រវាងមេដឹកនាំបក្សភ្លើងទៀន និង លោក សម រង្ស៊ី ព្រមទាំងអ្នកនយោបាយទណ្ឌិតនៅក្រៅប្រទេស។
លោកថ្លែងថា «យើងខ្ញុំថាទាំងមេស្ថាបនិក និងមេដឹកនាំបក្សភ្លើងទៀន ដែលមានតែឈ្មោះគ្មានអំណាច បញ្ឈប់ចេតនាទុច្ចរិតរបស់ពួកគេ» ៕