អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង នៅអាងត្រពាំងថ្ម
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ បានចុះពិនិត្យមើលជាមួយក្រុមការងារខេត្ត នៅលើទីតាំងអាងដែលក្រុមជាងបានកំពុងធ្វើការចាក់បេតុង។ ផ្លូវបេតុងមានប្រវែងទៅខាងជើង និងទៅខាងលិចនៃផ្ទៃអាង សរុប ១៧ ៤៦0ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស ២តឹក។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់អំណោយផ្លូវចាក់បេតុងលើអាងត្រពាំងថ្ម សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទេសចរណ៍តភ្ជាប់ពីប្រាសាទបន្ទាយមានឆ្មារ ស្រុកថ្មពួក ដល់ខ្នងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងចេញបន្តទៅខេត្តសៀមរាប។
តាមការបញ្ជាក់ឲ្យដឹងពីមេក្រុមជាង នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផ្លូវបេតុងលើខ្នងអាង នឹងស្ថាបនាបានរួចរាល់ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ អ្នកទេសចរណ៍មកលេងកម្សាន្តបានកាន់តែមានភាពងាយស្រួល ៕