លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីការគ្រប់គ្រងបាននូវករណីជំងឺផ្តាស្តាយបក្សី H5N1 នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីមានការសាកសួរជាច្រើនពីស្ថាប័នសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាពជំងឺផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ករណីនេះកំពុងស្ថិតក្នុងស្ថានភាពគ្រប់គ្រងបានហើយ។
លោកជំទាវបានបញ្ជាក់បន្ថែមថា “គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅកម្ពុជាយើង មានតែពីរករណីប៉ុណ្ណោះនៃជំងឺផ្តាសាយបក្សី (H5N1) ដែលត្រូវបានរកឃើញ និងមានការបញ្ជាក់ពីមន្ទីរពិសោធន៍”។
លោកជំទាវ បានបន្តថា ករណីទាំងពីរនោះគឺ ក្មេងស្រីម្នាក់ មានអាយុ ១១ឆ្នាំ ៦ខែ ដែលបានទទួលមរណភាព ហើយករណីទី២ បានកើតទៅលើបុរសអាយុ ៤៩ឆ្នាំម្នាក់ ដែលត្រូវជាឪពុករបស់កុមារីខាងលើ ប៉ុន្តែស្ថានភាពសុខភាពរបស់បុរសរូបនេះ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។
សូមបញ្ជាក់ថា សរុបវត្ថុសំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
លោកជំទាវ ក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសូមអនុវត្តវិធានការការពារដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ ជាដើម។ ហើយមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬបើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥៕