នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បែបនេះ នៅក្នុងឳកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានរំលឹកអំពីស្នាដៃសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងមកនេះ ពិសេសការរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩, ការការពារព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា « កងកម្លាំងនគរបាលជាតិ បានបង្កើតនូវបរិយាកាសសន្ដិសុខល្អប្រសើរ និងបានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិដំណើរការបានដោយជោគជ័យ ទាំងខ្លឹមសារ ទាំងបរិយាកាសទូទៅ »។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅចំពោះមុខបច្ចុប្បន្ន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ដែលកំពុងតែបង្កការលំបាកមួយចំនួនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ ពិសេសអង្គភាពដែលមានការពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង និងគ្រប់ប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្ដការដឹកនាំកងកម្លាំង ដើម្បីជំរុញឲ្យប្រតិបត្តិការបំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវមានតម្លាភាព មានព្រហ្មវិហារធម៌ សច្ចធម៌ បើកចិត្តឲ្យទូលាយក្នុងការដឹកនាំគ្រប់គ្រងកងកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព ទើបសម្រេចការងារបាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងទុក្ខធុរៈរបស់កងកម្លាំង ហើយនៅពេលកងកម្លាំងជួបការលំបាកត្រូវមានភាពស្និតស្នាល ជួយរំលែកការលំបាករបស់កងកម្លាំង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានណែនាំនៅពេលខាងមុខ ត្រូវពង្រឹងគ្រប់ជំនាញទាំងអស់ ដើម្បីលើកកម្ពស់ស្ថានភាពសន្ដិសុខ ត្រៀមលក្ខណៈសម្បត្តិការពារ នូវព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ និងការព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ ហើយលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង៕