លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ដល់បុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ៥០៩នាក់ នៅសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេបអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។
លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោល នយោបាយជាតិគាំពារសង្គម ដែល រួមមាន៖ ការដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ជាដើម។
ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាពេលនេះ។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ៥០៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល ៕