ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹងនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នាព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែក-នាយរងផ្នែក និងមន្ត្រីចាំបាច់មួយចំនួន។
ក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាល-សរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំធ្វើការត្រួតពិនិត្យ និងកែសម្រួល។
ជាមួយគ្នានោះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏ដូចជាលោក-លោកស្រីអនុប្រធាននាយកដ្ឋាន បានចូលរួមមតិក្នុងការកែសម្រួលពាក្យពេជន៍ អក្ខរាវិរុទ្ធ ខ្លឹមសារ និងបន្ថែមនូវការងារមួយចំនួនក្នុងរបាយការណ៍នោះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យរដ្ឋបាលសរុប លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ និងការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ បានធ្វើការចូលរួមលើកជាសំណូមពរ និងទិសដៅមួយចំនួន ដើម្បីសម្របសម្រួលដល់ការអនុវត្តការងារនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដើម្បីឲ្យការអនុវត្តការងារកាន់តែរលូន មានប្រសិទ្ធភាព និងដោះស្រាយនូវបញ្ហាប្រឈមរបស់ប៉ុស្តិ៍។
ក្នុងនោះក៏មានមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង។
បន្ថែមពីនោះទៀត ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវគោលការណ៍មួយចំនួនទើបតែទទួលបានពីថ្នាក់ដឹកនាំនាពេលបញ្ចប់នូវប្រជុំបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២២-២០២៣។ ជាមួយគ្នានោះប្រធានអង្គប្រជុំបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាវិន័យថ្មីនៅក្នុងអង្គប្រជុំផ្ទាល់ ហើយក៏បានប្រកាសនូវសមាសភាពប្រធានក្រុមប្រឹក្សាវិន័យនៅពេលដែលរាប់នូវសន្លឹកឆ្នោតរួចភ្លាមៗ។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានក្រេីនរំលឹកឲ្យគោរពវិន័យឲ្យបានល្អព្រមទាំងអនុវត្តរាល់ផែនការដែលនាយកដ្ឋានបានប្រគល់ជូន ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានជាប់ជានិច្ច ហេីយបានប្រគល់ភារកិច្ចឲ្យប្រធានក្រុមប្រឹក្សាវិន័យថ្មីដើម្បីអនុវត្តនូវវិន័យលើមន្ត្រីរូបណាដែលមិនគោរពវិន័យកងកម្លាំងនគរបាលជាតិ ចំណុះនាយកដ្ឋានច្រកទ្វារទី២ ផងដែរ ៕