ក្រសួងអប់រំ សង្គមស៊ីវិល និងក្រុមយុវជនគាំទ្រការលុបបំបាត់បារីអេឡិចត្រូនិកនិងផលិតផល អេចឈ៍ ធី ភី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សង្គមស៊ីវិល ព្រមទាំងយុវជននៅកម្ពុជាបានគាំទ្រការលុបបំបាត់បារីអេឡិចត្រូនិកនិងផលិតផល អេចឈ៍ ធី ភី ខណៈផលិតផលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ហើយប្រសិនបើកុមារ និងយុវជនលង់ខ្លួនប្រើប្រាស់ផលិតផលទាំងនេះ នោះពួកគេនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងអនាគត។ រីឯសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមវិញក៏ធ្លាក់ចុះផងដែរ។
ទាំងនេះជាការលើកឡើងរបស់បេក្ខជនចូលរួមប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡាសហការគាំទ្រដោយអង្គការចលនាដើម្បីសុខភាពកម្ពុជានៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម។ ក្រុមដែលទទួលបានជ័យលាភីលេខ១បានទៅលើបេក្ខជនមកពីសាកលវិទ្យាល័យស្វាយរៀង ខណៈដែលលេខ២បានទៅលើក្រុមសាលារៀនអន្តរទ្វីបអាមេរិកកាំង និងលេខ៣គឺក្រុមអមរា ។
បេក្ខជនដែលចូលរួមប្រកួតក៏បានលើកឡើងផងដែរ អំពីករណីសិក្សាជាក់ស្ដែងនៃគ្រោះថ្នាក់ ផលវិបាកដែលជនរងគ្រោះបានទទួលដោយសារការលង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។ ទន្ទឹមគ្នានេះ បេក្ខជនក៏បានលើកឡើងពីបញ្ហាប្រឈមដែលមិនធ្វើឱ្យកម្ពុជាមិនទាន់អាចលុបបំបាត់បារីអេឡិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមនៅមានកម្រិត និងការបន្តឱ្យមានការហូរចូលនូវផលិតផលខុសច្បាប់ទាំងនេះ ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។
ក្នុងន័យចូលរួមដោះស្រាយលើបញ្ហានេះបេក្ខជនបានធ្វើការស្នើសុំឱ្យមាន ការពង្រឹងអំណាចលិខិតគតិយុត្តដែលមានស្រាប់ដូចជាការដាក់ឱ្យមានទោសទណ្ឌជាដើម ចាត់វិធានលុបបំបាត់ការលើការផ្សព្វ ផ្សាយលក់បារីអេឡិចត្រូនិកលើបណ្ដាញទំនាក់ទំនងសង្គម បន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ចូលក្នុងផ្ទៃប្រទេស និងស្នើសុំឱ្យមានការអប់រំផ្សព្វផ្សាយអំពីលិខិតគតិយុត្ត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិត ផលអេចឈ៍ធីភីឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ និងយុវជន។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានគាំទ្រចំពោះការលើកឡើងនេះ ព្រោះការងារលុបបំបាត់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភីគឺជាការងាររួមរបស់ប្រជាពលរដ្ឋ សង្គការសង្គមស៊ីវិល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់មិនមានការប្រើប្រាស់សោះឡើយ ទោះបីជាមានការអូសទាញពីជនមួយចំនួន ក៏ដោយ ព្រោះថាក្រសួងអប់រំបានដាក់បញ្ចូលប្រធានបទទាក់ទងទៅនឹងការអប់រំពីផលប៉ះពាល់ពីការប្រើប្រាស់បារី ផ្សែងបារី និងបារីអេឡិចត្រូនិកនេះទៅក្នុងកម្មវិធីសុខភាពសិក្សាជាបន្តបន្ទាប់។
សំឡេង៖ « ប្រធានបទស្តីពីគ្រោះថ្នាក់ពីការប្រើប្រាស់បារី និងបារីអេឡិចត្រូនិក ទៅក្នុងកម្មវិធីសិក្សារួចទៅហើយ ហើយជាបន្តបន្ទាប់ នៅក្នុងគោលនយោបាយស្តីពី សុខភាពសុខភាពសិក្សា បានចុះអប់រំផ្សព្វផ្សាយ បានធ្វើការងារជាមួយអង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា យើងបានចុះទៅធ្វើសិក្ខាសាលាជាដើម»។
សូមបញ្ជាក់ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្ករគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កអោយមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំអោយមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ អោយឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំអោយអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត ៕