លោកជំទាវ ម៉ែន សំអន៖ មន្ត្រីរាជការ គ្រប់រូបត្រូវពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនស្ថាប័ន ក្នុងយុគ្គសម័យឌីជីថល
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង ពិធី អបអរសាទរ ពិធីរំលឹកខួបទី១១២ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរសព្វសាធុការពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។
លោកជំទាវបានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវក៏បានស្នើឲ្យមន្ត្រីរាជការ ក៏ដូចជា នារីគ្រប់រូបត្រូវតែ បន្តការសិក្សា រៀនសូត្រ និងស្វែងយល់បន្ថែមទៀតលើបច្ចេកវិទ្យា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនស្ថាប័ន ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឡើងឥតឈប់ឈរ និងមានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ៕