ឯកឧត្ដម នេត្រ ភក្ត្រា៖ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ មានគោលដៅសំខាន់ៗចំនួន៤
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានគោលដៅសំខាន់ៗចំនួន៤ ។
ក្នុងសន្និសីទសារព័ត៌មាន ដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្តចំនួន៥ នៃតំបន់ជួរភ្នំក្រវាញ នាថ្ងៃទី២ មីនានេះ ឯកឧត្ដមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា គោលដៅសំខាន់ៗទាំង៤នោះរួមមានទី១៖ ពាក់ព័ន្អនឹការពង្រឹង និងការគាំទ្រប្រមូលធនធាន ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២៖ ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ហើយជាពិសេសសាច់ព្រៃអាចនឹងបង្កមហន្តរាយ និងឆ្លងជំងឺផ្សេងៗ, ទី៣៖ ការពង្រឹងលើកការងារអនុវត្តច្បាប់ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅដើម្បីកាត់បន្ថយចំនួនអន្ទាក់ នៅតំបន់ការពារធនធានធម្មជាតិ និងទី៤៖ ការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋ សាធារណៈជន ជាពិសេសអ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ច្រឡំថាសាច់ព្រៃ គឺជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ដើម្បីឱ្យពួកគាត់លះបង់នូវការយល់ច្រឡំបែបនេះ ហើយងាកមកចូលរួមការពារ និងអភិរក្ស។
ឯកឧត្ដមរដ្ឋលេខាធិការគូសបញ្ជាក់បន្ថែមថា តាមរយៈការអនុវត្តយុទ្ធនាការនេះភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈ ធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាន នៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិដែលកំពុងកើតមាន សំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការ ប្រើអន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃ ដែលត្រូវបានហាមឃាត់ដោយច្បាប់ ៕