មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ កត្តាកកស្ទះចរាចរណ៍ តាមដងផ្លូវសាធារណៈ បង្កឡើងដោយមូលហេតុ អ្នកបើកបរមិនចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាចំនួន៥ មាន TADA, GRAP, WE GO, LM CAR និង PASS APP ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវា តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ដោយកិច្ចប្រជុំនេះមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ផងដែរ។
កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុនត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ ១០០ ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
នាឱកាសនោះ ឯកឧត្ដមអគ្គនាយក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនដែលជាដៃគូអភិវឌ្ឍយ៉ាងសំខាន់មិនអាចខ្វះបាន ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួង នាពេលកន្លងមក និងនៅតែបន្តចូលរួមទៅពេលអនាគតជាមួយគ្នា ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
ឆ្លៀតក្នុងពេលនោះ ឯកឧត្ដម បានរំឮកពីការចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ព្រោះដើម្បីជៀសវាងការកកស្ទះ ហើយចំណុចចំបងដែលធ្វើឱ្យមានការស្ទះតាមផ្លូវកើតឡើងគឺបង្ករមកពីការមិនគោរពច្បាប់តែម្តង។
ជាលទ្ធផលនៃកិច្ចពិភាក្សាខាងក្រុមហ៊ុនទាំង៥ និងសមាគមម៉ូតូកង់បី បានឯកភាពតាមសំណើរបស់ក្រសួងលើការជម្រុញរបៀបធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជូនប្រជាពលរដ្ឋ សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ទៅថ្ងៃមុខទាំងអស់គ្នា ៕