រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា”
ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅក្នុងខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីទាំងមូលអំពីការធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានរៀបចំច្បាប់ និងបទប្បញ្ញត្តិដែលជាកិច្ចការអាទិភាព ដើម្បីកែលម្អបរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគពីបរទេស និងធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ការណ៍នេះបានធ្វើឱ្យច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាបានលេចរូបរាងជាបន្តបន្ទាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព តម្លាភាព ផ្តល់ការការពារដល់ម្ចាស់កម្មសិទ្ធិបញ្ញាដោយមិនរើសអើង និងផ្តល់ទំនុកចិត្តដល់ប្រទេសនានាក្នុងការស្តាឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា កន្លងមក យើងបានអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដូចជា៖
-ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៅឆ្នាំ២០០២
-ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣
-ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម ២០០៣
ក្រៅពីច្បាប់ទាំងបីនេះ ព្រះរាជាណាចក្រកម្ពុជាក៏នៅមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆ្នាំ២០១៤។ នៅក្នុងក្របខណ្ឌអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រះរាជាណាចក្រកម្ពុជាបានក្លាយសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកជាអន្តរជាតិឆ្នាំ២០១៥ សមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty – PCT) ឆ្នាំ២០១៦ និងការចុះអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ដើម្បីពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជានៅក្នុងប្រព័ន្ធអន្តរជាតិ ដែលរួមចំណែកទប់ស្កាត់ការក្លែងបន្លំជាលក្ខណៈអន្តរជាតិ ទប់ស្កាត់ការំលោភបំពានសិទ្ធិម្ចាស់ដើម ផ្តល់ភាពងាយស្រួលដល់ការធ្វើធុរកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងឌីជីលូបនីយកម្ម ដោយកាត់បន្ថយពេលវេលា និងថ្លៃចំណាយនៃការដាក់ពាក្យចុះបញ្ជីជាលក្ខណៈអន្តរជាតិ។ ទន្ទឹមនឹងនេះ ការក្លាយជាហត្ថលេខីនៃសន្ធិសញាទាំងនោះ នឹងជំរុញឱ្យមានលំហូរវិនិយោគក្នុងវិស័យបច្ចេកវិទ្យាថ្មីព្រមទាំងបង្កើនថ្លៃទ្រព្យកម្មសិទ្ធិបញ្ញាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកិច្ចសម្រួលពាណិជ្ជកម្មដោយបានកែលម្អជាបន្តបន្ទាប់នូវការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជាងមុន ក្នុងនោះរួមមាន ការបញ្ចុះថ្លៃសេវា ការកាត់បន្ថយពេលវេលា បែបបទដែលបង្កការលំបាកដោយដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វិទ្យាទំនើប តាមរយៈការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធអនឡាញ បានរៀបចំប្រព័ន្ធជូនដំណឹងដោយស្វ័យប្រវត្តិពីដំណើរការ និងស្ថានភាពនៃការចុះបញ្ជីម៉ាកទៅអ្នកដាក់ពាក្យស្នើសុំ និងភ្នាក់ងារ ។
នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មក៏កំពុងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសហគ្រាសរបស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញសក្តានុពលដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” “ក្តាមថ្មកោះកុង” និង“ទឹកត្រីកំពត”។ ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុណទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបន្ថែមនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្ត កណ្តាល” “ក្រូចពោធិ៍សាត់” និង “នំបញ្ចុកសៀមរាប” ដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។បន្ថែមពីនេះទៀត ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ក៏បានសបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនក្នុងផ្នែកកម្មសិទ្ធិបញ្ញា ដែលក្រសួងពាណិជ្ជកម្មទទួលបន្ទុក ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុងការធ្វើឱ្យប្រសើរឡើង នូវការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕