អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែមីនា ឆ្នាំ២០២៣ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ របស់ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម មេបញ្ជាការផងដែរ។
លោកឧត្តមសេនីយ៍ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វើយ៉ាងណា យកថវិកាទាំងនេះទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ បុគ្គលិកសាលាទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ បន្តទៀត។
យោធាចារ្យ បុគ្គលិកទាំងអស់ មានសេចក្តីរីករាយជាខ្លាំង ហើយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងប្រកាសគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ជានាយករដ្ឋមន្ត្រី នាពេលខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លាងឃ្លាតឡើយ ៕