លោកជំទាវ មិថុនា ភូថង ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយលោកបណ្ឌិត QU Jian អនុប្រធាន China Development Institute
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយលោកបណ្ឌិត QU Jian អនុប្រធាន China Development Institute មានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន។
គោលបំណងដែលគណៈប្រតិភូចិន អញ្ជើញមកខេត្តកោះកុង នាពេលនេះគឺតាមការអញ្ជើញរបស់បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ទទួលការងារវិនិយោគ ដើម្បីចូលជួបសំដែងការគួរសម និងទស្សនកិច្ចសិក្សាអំពីសក្តានុពល និងកាលានុវត្តភាពវិនយោគរបស់ខេត្ត ក្នុងនោះលោកបណ្ឌិតប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្រុមការងារ ដែលអញ្ជើញមកនាពេលនេះគឺសុទ្ធសឹងជាសមាសភាពសំខាន់ៗ មានដូចជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ការអភិវឌ្ឍ អ្នកជំនាញលើគម្រោងវិនិយោគថាមពលកកើតថ្មី និងអ្នកជំនាញការលើការអភិវឌ្ឍទីក្រុងពហុបំណងខេត្តព្រះសីហនុ ដែលអញ្ជើញមកពីទីក្រុង ស៊ិនជិន ប្រទេសចិន។
លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា លោកជំទាវមានក្តីសប្បាយរីករាយ ចំពោះការអញ្ជើញមកទស្សនកិច្ចសិក្សារបស់គណៈប្រតិភូចិន នាពេលនេះ។
ក្នុងនោះលោកជំទាវអភិបាលខេត្ត ក៏បានស្នើសូមគណៈប្រតិភូដើម្បីគាំទ្រ និងជំរុញការផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកវិនិយោគ មកពីប្រទេសចិន មកវិនិយោគលើវិស័យសំខាន់ៗរបស់ខេត្ត ដូចជាវិស័យទេសចរណ៍ កសិកម្ម និងថាមពលផងដែរ។
លោកបណ្ឌិត QU Jian បានបញ្ជាក់ផងដែរថា តាមរយៈគោលនយោបាយរបស់ប្រទេសចិន ក៏ដូចជាប្រទេសកម្ពុជា ការអភិវឌ្ឍទីក្រុងពហុបំណងនៅខេត្តព្រះសីហនុ តាមគំរូរទីក្រុង ស៊ិនជិន គឺយើងក៏ត្រូវគិតគូរពីខេត្តជាប់ប្រទល់នឹងខេត្តព្រះសីហនុផងដែរ ដូច្នេះខេត្តកោះកុងក៏នឹងត្រូវអភិវឌ្ឍន៍ឱ្យបានជឿនលឿន ដូចទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។
លោកបណ្ឌិត QU Jian ក៏បានបន្ថែមថា ពួកយើងមានទស្សនវិស័យក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តកោះកុង ក្នុងនោះការជំរុញការវិនិយោគគឺជារឿងសំខាន់ តាមរយៈទស្សនកិច្ចនេះគឺក្រុមការងារពិនិត្យឃើញថា ខេត្តកោះកុងមានសក្តានុពលច្រើនក្នុងការទាក់ទាញវិនិយោគទុន ពីប្រទេសចិន ក្នុងនោះគណៈប្រតិភូចិនក៏បានសំណូមពរពីលោកជំទាវអភិបាលខេត្ត ដើម្បីបន្តចុះពិនិត្យវឌ្ឍន៍ភាពនៃការសាងសង់កំពង់ផែទឹកជ្រៅ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរផងដែរ ព្រោះថ្ងៃអនាគត កំពង់ផែមួយនេះនឹងដើរតួរនាទីសំខាន់លើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកសម្រាប់ខេត្តកោះកុង និងប្រទេសកម្ពុជា ផងដែរ ៕