ប្រមុខរាជរដ្ឋាភិបាល៖ ឆ្នាំ២០២២ ជាឆ្នាំដ៏ជោគជ័យ នៃនយោបាយការទូត របស់កម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យបំផុត នៃនយោបាយការទូតរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទានដ៏សំខាន់ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធ បានចូលរួមចំណែកក្នុងការធ្វើឱ្យឆ្នាំ២០២២ ក្លាយជាឆ្នាំជោគជ័យក្នុងការងារទូតរបស់កម្ពុជា។
សម្ដេចតេជោ បានគូសរំលេចថា ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់កម្ពុជា គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានខណ:មានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់។ ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនៃជំងឺរាតត្បាតកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗនៅបន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈ ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំង២ កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើងទៀត កាន់តែច្រើនបង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជា។
បន្ថែមពីលើនេះ វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ បានធ្លាក់មកលើកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្តធ្លាក់ចុះដុនដាបដោយសារការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។
ក្រៅតែពីបញ្ហាខាងលើនេះ សម្តេចតេជោ បានលើកឡើងដែរថា គ្រាសភាពការណ៍នៅសមុទ្រចិនខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជា ចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ រឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិ គឺការធ្វើសង្គ្រាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន ដែលមកដល់ពេលនេះបានបង្កឱ្យទាហាន និងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។
សម្តេចតេជោ បានគូសរំលេចថា «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាងលើពិតជាបានជះឥទ្ធិពលផ្ទាល់ ឬប្រយោលមកលើកម្ពុជាយើង បង្កជាសម្ពាធធ្ងន់ធ្ងរមកលើអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាពនិងការសម្រេចចិត្តនានាខាងនយោបាយរបស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ»។
សម្ដេចតេជោបន្ថែមថា «ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើង យើងបានប្រែក្លាយការប្រឈមឱ្យទៅជាកាលានុវត្តភាព និងបានបង្ហាញឱ្យឃើញសុឆន្ទៈយ៉ាងពិតប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ៕