ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍក្នុងយុគសម័យឌីជីថល ជាមូលបទអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសមយ័ឌីជីថល » ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជានារី មន្ត្រីជានារីគ្រប់អង្គភាពជាច្រើនរូបទៀត។នាឱកាសដ៏ឧត្តុង្គឧត្តមនេះ បន្ទាប់ពីទទួលបាននូវអំណោយជាអាវយឺតចំនួន៤០០អាវពីក្រសួងកិច្ចការនារី លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងសំណេះសំណាល និងផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងមន្រ្តីជានារីដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចដើម្បីបុព្វហេតុការពារ ថែរក្សានិងលើកតម្កើងវិស័យវប្បធម៌និងសិល្ប:។
យុទ្ធនាការ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។
ឆ្លើយតបនឹងមូលបទខាងលើនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕