ឧត្តមសេនីយ៍ឯក ប៊ុត សុភាព៖ ការប្រឡងចូលបម្រើក្នុងវិស័យកងទ័ព ស្ថិតក្នុងទិសស្លោក “អ្នកចេះ គឺជាប់”
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍ថា ការប្រឡងចូលបម្រើក្នុងវិស័យកងទ័ព នឹងមានភាពសុក្រឹត តម្លាភាព គ្មានកិច្ចអន្តរាគមន៍ ទោះគ្មានក្រុមសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកចូលរួមសង្កេតការណ៍ ដោយស្ថិតក្នុងទិសស្លោក “អ្នកចេះ គឺជាប់”។
នៅក្នុងពិធីបើកការប្រឡង ក្រោមអធិបីតភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍ថា ការដាក់ពាក្យប្រឡងចូលបម្រើក្នុងវិស័យកងទ័ព នៅឆ្នាំ២០២៣ មានសន្ទុះកើនឡើងច្រើន បើធៀបនឹងការជ្រើសរើសឆ្នាំមុនៗ ព្រោះការទទួលពាក្យត្រឹមតែរយៈពេល ១៥ថ្ងៃ មានរហូតដល់ជាង ៦ពាន់នាក់ ខណៈកាលពីឆ្នាំ២០១៩ ទទួលពាក្យ១ខែ មានត្រឹមជាង ៨ពាន់នាក់។
ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់ថា “ការប្រឡងនេះ នឹងមានភាពសុក្រឹត តម្លាភាព គ្មានកិច្ចអន្តរាគមន៍ ទោះគ្មានក្រុមសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកចូលរួមសង្កេតការណ៍ ដោយស្ថិតក្នុងទិសស្លោក “អ្នកចេះ គឺជាប់” ។
ឧត្តមសេនីយ៍ឯក បន្តថា ការជ្រើសរើសនាយទាហាននេះ មានចំនួន៤វគ្គ សម្រាប់ចូលទៅបណ្ដុះបណ្ដាលវគ្គនាយកទាហានក្នុងឆ្នាំ២០២៣នេះ ទី១. វគ្គនាយកទាហានសកម្មភាពជំនាន២៥ ចំនួន ១០០នាក់, ទី២. វគ្គនាយទាហានជើងគោកជំនានទី១៣ ចំនួន១០០នាក់, ទី៣. វគ្គនាយកទាហានបន្តវេនជំនានទី១៤ ចំនួន១៥០នាក់ និងទី៤. វគ្គនាយទាហានជំនាញបច្ចេកទេសយោធាចំនួន ៣០នាក់។
ឧត្តមសេនីយ៍ឯកបន្ថែមថា បេក្ខជនមកពីគ្រប់រាជធានីខេត្ត ប្រមាណជាង ៦០០០នាក់ ដែលក្នុងនោះ មាននារីជាង ២ ៧០០នាក់ បានចូលរួមប្រឡងធ្វើជានាយទាហាន នៃកងយោធភពលខេមរភូមិន្ទ ឆ្នាំ២០២៣ បន្ទាប់ពីមានការខកខានរយៈពេល ៣ឆ្នាំ ដោយសារបញ្ហាឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។
ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់ទៀតថា ចំពោះវិញ្ញាសារប្រឡងមានចំនួន៣ ក្នុងនោះ មានវិញ្ញាសារចំណេះដឹងទូទៅភាសារ និងកាយសម្បទា ហើយការប្រឡងនេះប្រព្រឹត្តិទៅតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះ មាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យជាស៊ីម សន្ធរម៉ុក, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ និងវិទ្យាល័យឥន្ទ្រាទ្ទទេវី៕