ពលរដ្ឋនៅក្រុងព្រះសីហនុ ស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យទូលាយ
ភ្នំពេញ៖ ដើម្បីងាយស្រួលដល់អាជ្ញាធរអាចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងណាមួយ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសហការជាមួយអាជ្ញាធរស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយងាយស្រួលធ្វើដំណើរ។
បើតាមលោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដើម្បីបើកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វើដំណើរ ទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។
លោកបន្តថា ពលរដ្ឋព្រមវាយកម្ទេចផ្ទះមួយចំណែក ក្រោយពួកគេបានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង បន្ទាប់ពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។
លោកបានឱ្យដឹងទៀតថា ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង ១៤០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគេឲ្យបានល្អស្អាត៕