ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតសុខាភិបាលលើកទី ៤២
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតសុខាភិបាលលើកទី ៤២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ននានា លោក-លោកស្រីប្រធាននាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អាជ្ញាធរឃុំ-សង្កាត់ មណ្ឌលសុខភាព ដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ-អន្តរជាតិ សរុបចំនួន ៥៣១នាក់។
ពិធីសន្និបាតមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលនឹងបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរយៈពេល ៥ឆ្នាំ និងលើកទិសដៅឆ្នាំបន្ត ព្រមទាំងពិភាក្សាលើការងារសំខាន់ៗ សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅទូទាំងប្រទេស ៕