ទីបញ្ជាការយោធភូមិភាគទី៥ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣
ភ្នំពេញ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការយោធភូមិភាគទី៥ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវទឹម ដានិត ប្រធានកិត្តិយស យោធិននារី យោធភូមិភាគទី៥។
លោកស្រីវរសេនីយ៍ទោ សួន ស្រីពៅ នាយរងការិយាល័យទី១ ប្រធានយោធិននារីយោធភូមិភាគទី៥ បានឡើងអានមតិស្វគមន៍ និងប្រវត្តិនៃការកើតឡើងទិវាអន្តរជាតិនារី ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។
លោកជំទាវ ទឹម ដានិត បានអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។
បន្ទាប់ពីជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់ភរិយា និងយោធិននារីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ រួចមក ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ រួមជាមួយននឹងភរិយា របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាត បានយ៉ាងល្អប្រសើរ ជាពិសេសក្នុងការចូលរួមទប់ស្កាត់ការីករាយដាល និងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ យ៉ាងសកកម្ម ទូទាំងយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនូវការអបអរសាទរចំពោះទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល និងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកតម្កើងតម្លៃដល់នារីគ្រប់រូប ក្នុងសមភាពយេនឌ័រ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕