នាយករដ្ឋមន្ត្រី អំពាវនាវដល់ប្ដីប្រពន្ធទាំងឡាយ បើរស់នៅមិនចុះសម្រុងគ្នា ត្រូវដោះស្រាយដោយសន្ដិវិធី ជៀសវាងការហែកហួរ ជេរគ្នាតាមបណ្ដាញសង្គម
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នាថ្ងៃទី៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម ជៀសវាងការហែកហួរជេរគ្នាតាមបណ្ដាញសង្គម ដែលធ្វើឲ្យអាប់ឱនទាំងគ្រួសារ និងសង្គមជាតិផងដែរ ។
ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើង ពីការហែកហួរគ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយមានការឌឺដងឲ្យគ្នា តាមបណ្តាញសង្គម Facebook ដែលនេះ សម្ដេចតេជោចាត់ទុកថា ជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង ៕