សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលខ្ញុំមាននៅថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួម របស់ភរិយាខ្ញុំបាននោះទេ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នាថ្ងៃទី៧ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងអះអាងថា អ្វីដែលសម្តេចមាននៅថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាននោះឡើយ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំក៏មិនភ្លេចអរគុណចំពោះភរិយាខ្ញុំ បើទោះបីជាគាត់មិនបានមកទីនេះ ដោយសារភាពជាការវាយប្រហារធ្ងន់ធ្ងរ បន្ទាប់ពីប្អូនស្រីត្រូវបាត់បង់ជីវិត ក៏ប៉ុន្តែអ្វីដែលខ្ញុំមាននៅថ្ងៃនេះ មិនអាចអត់ការយិតយោងពីភរិយាខ្ញុំបានទេ ពាក្យខ្មែរថា «សំណាបយោងដី ស្រីយោងប្រុស» គឺជារឿងពិត ប្រសិនបើខ្ញុំពុំមានភរិយាប្រកបដោយគុណធម៍ និងលក្ខណៈសម្បត្តិយ៉ាងដូចនេះទេ ក៏ប្រហែលជាខ្ញុំក៏បាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏ប្រហែលជាបាត់បង់នូវការគាំទ្រដែរ ប៉ុន្តគាត់បានធ្វើកិច្ចការរបស់គាត់បានយ៉ាងល្អ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងដូចនេះថា «ភរិយាខ្ញុំបើទោះបីថាយ៉ាងណាក៏ដោយ គាត់មិនដែលឱ្យខ្ញុំដួសបាយទេ ខ្ញុំនិយាយមួយបែបបើកចំហរក្នុងគ្រួសារបន្តិចទៅចុះ […] ភរិយារបស់ខ្ញុំមានទម្លាប់មួយ គឺមិនឱ្យប្តីដួសបាយទេ គាត់តែងតែដួសបាយឱ្យខ្ញុំ ហើយនៅពេលដែលខ្ញុំទទួលទានបាយអស់មួយចាន ហើយចង់ថែមទៀត គាត់សុខចិត្តដើរវាងទៅដួសបាយឱ្យខ្ញុំ ចំណុចនេះគឺជាចំណុចនៃការយិតយោងគ្នាទេ ខ្ញុំមិនមែនប្រើគាត់ទេហើយក៏មិនមែនបានសេចក្តីថា ខ្ញុំមិនចេះដួសបាយទេ ពេលដែលគាត់អត់នៅខ្ញុំក៏ដួសបាយខ្លួនឯងដែរ ក៏ប៉ុន្តែនៅពេលដែលបាយជាមួយគ្នា គាត់មិនដែលឱ្យខ្ញុំដួសបាយនោះទេ» ៕