នាយកដ្ឋានច្រកទ្វារទី២ បើកកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំ ខែកុម្ភ: និងលើទិសដៅសម្រាប់ខែបន្ទាប់
ភ្នំពេញ៖ នាយកដ្ឋានច្រកទ្វារទី២ នារសៀលថ្ងៃអង្គារ ០១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការប្រចាំ ខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា និងលោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។
ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង បានអនុញ្ញាតឲ្យលោក វរសនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុប ឡេីងរាយការណ៍អំពីអវត្តមានថ្នាក់ដឹកនាំនាយកដ្ឋាន នាយការិយាល័យ និងនាយប៉ុស្តិ៍ ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុប ឡើងអានរបាយការណ៍ ប្រចាំខែកុម្ភៈ របស់នាយកដ្ឋានច្រកទ្វារទី២។
ក្នុងកិច្ចប្រជុំនោះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ បានធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ទូទៅ ការអនុវត្តការងារជំនាញផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។
ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានណែនាំឲ្យគ្រប់បណ្ដាប៉ុស្តិ៍ទាំងអស់អនុវត្តវិន័យកងកម្លាំងឲ្យបានល្អស្របនឹងទិសដៅរបស់នាយកដ្ឋានក្នុងឆ្នាំ២០២៣។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានណែនាំឲ្យពិនិត្យនូវបញ្ជីមុខសញ្ញាឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ដេីម្បីរក្សាសន្តិសុខជូនជាតិនាពេលមានព្រឹត្តិការណ៍ជាតិ អន្តរជាតិ ខាងមុខអោយបានល្អ។
បន្ថែមពីនោះទៀត ចំពោះការងារជំនាញត្រូវបន្តថែទាំម៉ាស៊ីន CBMS ឲ្យបានល្អ និងរៀបចំប្រេីប្រាស់ប្រព័ន្ធ BLTMS ឲ្យបានលឿនដេីម្បីគ្រប់គ្រងការចូល-ចេញឲ្យកាន់តែប្រសេីរ។
ជាកិច្ចបន្តលោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោតសរសេីរការិយាល័យរដ្ឋបាលសរុបដែលរៀបចំបញ្ចូលរាល់សកម្មភាពរបស់នាយកដ្ឋានក្នុងរបាយការណ៍បានគ្រប់ជ្រុងជ្រោយបានល្អប្រសេីរ។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានដោះស្រាយបញ្ហាប្រឈមរបស់ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ និងណែនាំឲ្យគោរពវិន័យកងកម្លាំងឲ្យបានល្អ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អដេីម្បីអោយការងារក្នុងនាយកដ្ឋានអនុវត្តបានល្អ។