អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia សូមក្រាបបង្គំទូលថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ “សមភាពយេនឌ័រនាថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”៕
ទូលព្រះបង្គំ ម៉ក់ ហ៊ាងរិទ្ធី សូមព្រះបរមរាជានុញ្ញាតសម្តែងអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភក្ដិដ៏ស្មោះស្ម័គ្រថ្វាយ សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ។
ក្នុងវេលាដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំសូមលំឱនកាយសម្តែងនូវអភិវន្ទន៍កិច្ច និងកតញ្ញូតាធម៌ដ៏ជ្រាល ជ្រៅថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងគង់ប្រថាប់ជា ព្រះនិមិត្តរូបដ៏ពិសិដ្ឋនៃឧត្តមានុភាពស្ត្រីនៅក្នុងសង្គមកម្ពុជា ។ ក្នុងព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាព្រះប្រធានកិត្តិយស នៃ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងយក ព្រះទ័យទុកដាក់លើកស្ទួយនូវសិទ្ធិ គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ និងការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យរបស់សង្គម នាំមកភាពសុខដុមរមនា និងសេចក្តីសុខក្សេមក្សាន្តក្នុងសង្គមជាតិ ។