ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឱ្យអនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ចប់អាណត្តិ និងអនុព័ន្ធនគរបាលភូមិន្ទថៃ ទើបទទួលភារកិច្ចថ្មី ចូលជួបសម្តែងការគួរសម
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ស៊ូរ៉ាសាក់ (Surasak) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបថា និងឧទ្ទេសនាមលោកវរសេនីយ៍ឯក Piyawat (ភីយ៉ាវ៉ាត់ ) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ស៊ូរ៉ាសាក់(Surasak) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់កិច្ចសហការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងអង្គភាពជំនាញឈានទៅសម្រេចបាននូវលទ្ធផលខ្ពស់ និងល្អប្រសើរ។
ក្នុងជំនួបនោះផងដែរ លោករវសេនីយ៍ឯក ភីយ៉ាវ៉ាត់ (Piyawat) អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី បានគោរពស្នេីសុំអនុសាសន៍ណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់ជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ នៅក្នុងអាណត្តិនៃការកាន់តំណែងបន្តពី លោកវរសេនីយ៍ឯក ស៊ូរ៉ាសាក់(Surasak)។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ទាំងការប្រយុទ្ធប្រឆាំងបង្ក្រាបបទល្មើស ទាំងការតាមចាប់ជនល្មើសរត់គេចខ្លួន ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពជំនាញជូនដល់នគរបាលជាតិកម្ពុជា។
ដៅយឡែកសម្រាប់អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតប្រចាំកម្ពុជា ដែលទើបទទួលភារកិច្ចថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការណែនាំអំពីយន្តការនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពជំនាញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការនេះកាន់តែជិតស្និតបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលឱ្យកាន់តែល្អប្រសើរនាពេលខាងមុខ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូនពរលោកអនុព័ន្ធនគរបាលដែលនឹងចប់អាណត្តិ និងត្រៀមកាន់តួនាទីថ្មី ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងអាណត្តិការងាររៀងៗខ្លួន៕