ក្រសួងដែនដី និងរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣
ភ្នំពេញ៖ លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ «LASEDIII» នៅខេត្តឧត្តរមានជ័យ
ពិធីផ្សព្វផ្សាយនេះបានធ្វើឡើង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ជាច្រើនរូបទៀត។
លោក រ័ត្ន ហុក បានប្រាប់ប្រជាពលរដ្ឋថា គម្រោងLASEDIII ជាគម្រោងបែងចែកដីដើម្បីអភិវឌ្ឍ សង្គមកិច្ចនិងសេដ្ឋកិច្ច។ គម្រោងនេះអាចចាត់ទុកជាគម្រោងកសាងភូមិករថ្មីសម្រាប់ចែកឱ្យប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋខ្វះខាតដី ឫក៏អត់មានដីពិតប្រាកដ ហើយសម្រាប់បែងចែកដីជូនបងប្អូនសម្រាប់បង្ករបង្កើនផល ដោយគ្រោងបានផ្តល់ប៉ុស្តិ៍សុខភាព ផ្តល់សាលារៀន ផ្តល់អណ្តូងទឹក ហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងសាងសង់ជាបឹង ជាអាងសម្រាប់ស្តាក់ទឹកប្រើប្រាស់ ធ្វើស្រែ ដាំដំណាំផ្សេងៗបាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកប្រាប់ប្រជាពលរដ្ឋថា បើសម្តេចមិនគិគូរពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំទេ សម្តេចក៏មិនដឹកនាំប្រទេសបានយូរអង្វែងជាងគេ នៅលើពិភពលោកដែរ។
លោកអនុរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា «គម្រោងនេះជាគម្រោងរបស់ជាតិយើង ក្រោមការផ្តល់ហិរញ្ញប្បទានពីធានាគារពិភពលោក ហើយគម្រោងនេះជោគជ័យទៅបាន លុះត្រាតែបងប្អូនដែលជាអ្នកទទួលបានដីសម្បទាន ជោគជ័យដែរ បើសិនជាបងប្អូនជាអ្នកទទួលដីនេះមិនជោគជ័យ គឺគម្រោងនេះក៏មិនជោគជ័យដែរ»។
លោកណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ ចូលរួមការពារឱ្យបាននូវដីដើម្បីជាប្រយោជន៍សមូហភាព ដើម្បីប្រជាពលរដ្ឋក្រីក្រដែលខ្វះដីពិតប្រាកដ ដោយកុំបណ្តោយឱ្យជនទុច្ចរឹតមកទន្ទ្រាន មកកាន់កាប់ ហើយធ្វើឱ្យអ្នកអត់មានដីពិតប្រាកដ បន្តអត់មានដី បន្តក្រីក្រតទៅទៀត។ លោកថ្លែងប្រាប់ប្រជាពលរដ្ឋដោយពេលទទួលបានដីនេះហើយ ត្រូវតែខំប្រឹងប្រែងដាំដុះ ប្រើប្រាស់ដីនេះឱ្យអស់លទ្ធភាព កុំលក់ទៅណាឱ្យសោះ។
ដោយឡែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត លោកពិតជាមានការសប្បាយរីករាយ ដែលខេត្តឧត្តរមានជ័យត្រូវបានជ្រើសរើស ជាខេត្តគោលដៅ នៃការអនុវត្តគម្រោងបែងចែកដីដំណាក់កាលទី៣LASEDIII ដោយមានឃុំពង្រ ស្រុកចុងកាល់ ជាគោលដៅអនុវត្តផ្ទាល់ ហើយជាសូចនាកររំពឹងទុក គឺប្រជាពលរដ្ឋក្រីក្រប្រមាណ២៨០គ្រួសារ ដែលខ្វះខាតដីសម្រាប់សាងសង់លំនៅដ្ឋាន និងកំពុងប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ នឹងទទួលផលពីគម្រោងនេះ។
លោកអភិបាលខេត្តបានថ្លែងបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ខេត្តឧត្តរមានជ័យមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ចសង្គម ទាំងផ្នែកហេដ្ឋារចនារូបវ័ន្ត ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចូលទន្ទ្រានកាន់កាប់ដីសម្បទានសង្គមកិច្ចកន្លងមក មិនទាន់ចាកចេញ និងបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងចូលទន្ទ្រានទីតាំងថ្មីបន្ថែមទៀត សូមដកខ្លួនចេញពីតំបន់នេះ ជៀសវាងទទួលរងការអនុវត្តផ្លូវច្បាប់៕