រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារ ឆ្នាំ២០២៣ ដោយលើកយកប្រធានបទចំនួន៥ មកពិភាក្សា ក្នុងនោះមានទាំងការដោះស្រាយបញ្ហា សំណល់រឹង សំរាម, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២, គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗជាដើម។
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជម្ងឺកូវីដ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តា និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានការងារសេសសល់ និងបញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទាមទារឲ្យក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ។
អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពីតំណាងក្រុមការងារថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាន, មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥រួមមាន៖
-ប្រធានបទទី១៖ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។
-ប្រធានបទទី២៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី
-ប្រធានបទទី៣៖ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២
-ប្រធានបទទី៤៖ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន
ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើ អធិការកិច្ចហត្ថពលករបរទេស
-ប្រធានបទទី៥៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។
ឯកឧត្ដមបន្តថា សំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅ ធានាសុខសុវត្ថិភាព ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ៕