ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងសង្កាត់កំពង់ស្វាយ ចូលរួមប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ
ភ្នំពេញ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាល រង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ២០២៣ អញ្ជើញ ជាអធិបតី ភាព ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ភូមិតារាងបាល់ ភូមិភ្នំកន្ទួត និងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ថិតនៅទីស្នាក់ការសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានបញ្ជាក់ថា ជូនប្រជាពលរដ្ឋឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមាមលក្ខណៈជាប្រពន្ធ មាន៥ដំណាក់កាល ៖
១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់វិនិច្ឆ័យ ការបង្កេីតគណៈកម្មការដ្ឋបាលការជូនដំណឹង កិច្ចប្រជុំ ផ្សព្វផ្សាយ និងដំណេីរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបត្តិការ បច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់ វែង និងវិនិច្ឆ័យ ដេីម្បីកាសងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លងសុរិយោដី និងបញ្ជីឈ្មោះម្ចាសដី) រយៈ ពេល ១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វេីការតវ៉ាក្នុងករណីមានការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបិទផ្សាយ បងប្អូនប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ ពីលទ្ធភាពនៃកាតបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដេីម្បីពិនិត្យ និងសម្រេចលើការផ្យល់សិទ្ធចំពោះក្បាលដីណាដែលមិនមានទំនាស់។ ៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី។
ក្នុងនាមរដ្ឋបាលខេត្ត លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្កើតអោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាការរួមចំណែកក្នុងការធ្វើឲ្យមានសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ឋភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អណត្តិទី៦នេះ។
លោកបន្តថា បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យ បញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ដោយសារតែមានការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដូចនេះ ការចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាព ពីការក្លែងបន្លំពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ឋិនេះហើយ ម្ចាស់កម្មសិទ្ឋិអាចយកទៅប្រើប្រាស់ ទៅតាមសេចក្តីត្រូវការបាន៕