ពេលអនាគត!សម្តេចតេជោរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោកនាពេលអនាគត់។
សម្ដេចបានបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំពិតជាមានការជក់ចិត្ត ហើយក៏នឹកឃើញរឿងអតីតកាលប្រៀបធៀបនិងពេលបច្ចុប្បន្នកាលដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញ ខ្ញុំកំពុងតែស្រមើរស្រម៉ៃថា ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទោកាន់ទីផ្សារអន្តរជាតិ គឺបានទៅហួសប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោន ឥលូវយើងមាន ១លាន ១៨ម៉ឺនតោនរួចស្រេចទៅហើយ ដូចនេះសម្តេចសង្ឃឹមថា កម្ពុជានាពេលអនាគត់ បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺមានមួួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្មដែលបំរើឱ្យសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍នោះឯង។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំទាំងតាមបណ្តាខេត្តជាប់ដងទន្លេ និងគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលមានភ្ញៀវទេសចរទៅទស្សនា គឺត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លារផងដែរ៕