ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី
ភំ្នពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី ពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសហការី ដែលអនុញ្ញាតឱ្យលោកបានជួបពិភាក្សាការងារជាមួយ ហើយក៏ជាលើកទីមួយ ដែលលោកបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា។ លោក Peter Sykora បន្តថា ក្នុងនាមលោកជាមេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី លោកគាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធការបង្រ្កាបបទល្មើសសម្អាតប្រាក់ ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន និងការនាំសារធាតុផ្សំចូល ដើម្បីកែច្នៃផលិតគ្រឿងញៀនមកកម្ពុជា។ លោកក៏បានគាំទ្រទាំងផ្នែកបច្ចេកទេស ឧបករណ៍សម្ភារៈ ក្នុងការត្រួតពិនិត្យស្វែងរកសារធាតុគីមីផ្សំនេះផងដែរ។ លោក Peter Sykora បានសង្កត់ធ្ងន់ថា ជាការពិតណាស់ ការស្វែងរក ឬរាវរកនូវសារធាតុគីមីផ្សំ គឺវាមានភាពស្មុគស្មាញ ព្រោះថា ពួកឧក្រិដ្ឋជនវាបានរិះរកគ្រប់វិធីក្នុងការនាំចូលដើម្បីស្តុកទុកលួចលាក់ផលិតកែច្នៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានសម្តែងនូវការស្វាគម៍ដោយ
សេចក្តីរីករាយជាខ្លាំង ដែលនគរបាលសហព័ន្ធអូស្រ្តាលី បានគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនគរបាលជាតិកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ដោយនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អកន្លងមក ឯកឧត្តមក៏បានស្នើដល់នគរបាលសហព័ន្ធអូស្រ្តាលី ឱ្យជួយបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត ពិសេសឱ្យនគរបាលសហព័ន្ធអូស្រ្តាលី ធ្វើការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្ស ដូចជា ៖ ទី១-ការស៊ើបការណ៍ និងវិភាគព័ត៌មាន, ទី២-ការគ្រប់គ្រង និងបង្រ្កាបអំពីសារធាតុគីមី ដែលអាចយកទៅផ្សំធ្វើជាគ្រឿងញៀនបាន និងទី៣-បញ្ហាការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់។ ពាក់ព័ន្ធចំណុចទី៣នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក៏នៅតែណែនាំដដែលជាដដែល ទោះបីកម្ពុជាយើងចាកចេញពីបញ្ជីប្រផេះក៏ដោយ ក៏យើងនៅតែខិតខំប្រឹងប្រែងបន្តទៀត គឺមិនឱ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះម្តងទៀតនោះឡើយ ព្រោះបញ្ហាប្រឆាំងការសម្អាតប្រាក់នេះ ជាបញ្ហាសំខាន់ចំពោះសកលលោក ក៏ដូចជាពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀនផងដែរ។ ពាក់ព័ន្ធការងារប្រឆាំងបទល្មើសសម្អាតប្រាក់នេះ គឺធ្វើគ្រប់ស្ថាប័ន មន្ទីរក្រសួងទាំងអស់។
ជាចុងក្រោយ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងសហការី ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឱ្យលោកជួបពិភាក្សាការងារពាក់ព័ន្ធការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលនេះ៕