សម្តេចតេជោ មិនយល់ស្របនឹងគំនិតបិទទំនប់ទន្លេសាប
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនយល់ស្របនឹងគំនិតដែលចង់បិទទំនប់ទប់ទន្លេសាបកុំឱ្យទឹកហូរចោលទៅទន្លេមេគង្គវិញនៅរដូវប្រាំង ដោយហេតុថាគម្រោងនេះនឹងប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវទឹករបស់ប្រជាជន។
ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកជាផ្លូវការនូវពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបានរំឭកនូវគំនិតផ្ដួចផ្ដើមគួរឱ្យចាប់អារម្មណ៍ចំនួន៣ ដែលពាក់ព័ន្ធនឹងបឹងទន្លេសាប និងទន្លេសាប។
សម្តេចតេជោបានឱ្យដឹងថា នៅកាលដែលលោក ណាំ ទុំ នៅធ្វើជាអភិបាលខេត្តកំពង់ធំ ធ្លាប់មានបញ្ញាវន្តម្នាក់បានលើកឡើងនូវគំនិតផ្ដួចផ្ដើមស្ដារបឹងទន្លេសាប។
សម្តេចថ្លែងថា ពិតណាស់ បឹងទន្លេសាបនិងទន្លេសាបគឺកាន់តែឈានទៅរកការគោករាក់ ប៉ុន្តែកម្ពុជានៅមិនទាន់មានធនធានហិរញ្ញវត្ថុក្នុងការស្ដារនៅឡើយទេ។
សម្ដេចតេជោថ្លែងថា «យើងមិនមែនទុកឱ្យបឹងទន្លេសាបគោករាក់នោះទេ ប៉ុន្តែយើងមិនទាន់មានលទ្ធភាព ប៉ុន្តែយើងនៅតែប្រឹងជម្នះដើម្បីបូមស្ដារ និងធ្វើចរាចរណ៍តាមផ្លូវទឹក»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា នៅមុនឆ្នាំ២០០៨ មានអតីតតំណាងរាស្ត្រខេត្តកំពង់ធំមកពីគណបក្សហ្វ៊ុនស៉ិនប៉ិច បានស្នើសម្ដេចឱ្យអនុម័តគម្រោងដាក់ឫស្សីច្រោះកាត់ទន្លេសាប ដើម្បីកាត់បន្ថយទឹកហូរធ្លាក់ពីទន្លេសាបទៅទន្លេមេគង្គ ធ្វើយ៉ាងណារក្សាទុកទឹកនៅបឹងទន្លេសាប និងទន្លេសាបនៅរដូវប្រាំង។
សម្ដេចតេជោបានបញ្ជាក់ទៅវិញថា គំនិតចង់ធ្វើការងារនេះនឹងស្ទះដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាជន។ នៅពេលពួកគាត់អុំទូក ឬបើកកាណូតកាត់បឹងទន្លេសាប ទន្លេសាប នោះវានឹងស្ទះជាមួយរបាំងឫស្សីដែលយើងដាក់កាត់ទន្លេនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តរំឭកទៀតថា ថ្មីៗនេះក៏មានគំនិតផ្ដួចផ្ដើមមួយទៀត គឺធ្វើទំនប់ទប់ទន្លេសាបតែម្ដង ដើម្បីពេលទឹកឡើងបើកចូល ពេលទឹកស្រកបិទទឹកទុក។ សម្ដេចបកស្រាយវិញថា គំនិតនេះក៏នឹងប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាជនដូចគំនិតមុននោះដែរ។
គេនៅចាំបានថា គំនិតធ្វើទំនប់ទប់ទន្លេសាបចុងក្រោយនេះ គឺត្រូវបានលើកឡើងដោយលោកបណ្ឌិត សុខ ទូច កាលពីអំឡុងឆ្នាំ២០២២កន្លងទៅ តាមរយៈសន្និសីទមួយនៅរាជបណ្ឌិត្យសភាកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរថា នៅពេលអនុវត្តគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេ ស្ទឹង ព្រែកជាដើម គឺត្រូវគិតទៅលើការបើកច្រក ឬប្រឡោះសម្រាប់ចរាចរណ៍តាមផ្លូវទឹកឱ្យបានងាយស្រួល៕