មេទ័ពជើងគោក៖ ការពង្រឹងប្រៀបការពារជាតិ ជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យ ការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យ ការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយដែលទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខ ឱ្យសមស្របនឹងស្ថានភាពនៃ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែមីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងទិសដៅនេះ កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្តជំរុញផងដែរ នូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្តនៃសភាពការណ៍ ដែលបន្តប្រែប្រួលឥតឈប់ឈរ ៕