លោក សឿង គឹមសាយ ប្រធានគណកម្មាធិការប្រតិបត្តិខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូប នៃគណបក្សខ្មែររួបរួមជាតិ ប្រចាំខេត្តកំពង់ចាម ស្នើសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច
ភ្នំពេញ៖ លោកសឿង គឹមសាយ ព្រមទាំងអនុប្រធានគណបក្សខេត្ត ស្រុក និងសមាជិកសមាជិការបស់គណបក្សខ្មែររួបរួមជាតិក្នុងខេត្តកំពង់ចាម ជាច្រើនរូប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានធ្វើការសម្រេចចិត្ត ក្នុងការចូលរួមជីវភាព ជាមួយគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច។
ការសម្រេចចូលរួមនេះដោយលោកមើលឃើញ និងបានយល់យ៉ាងច្បាស់នូវសារៈប្រយោជន៍ និងគុណតម្លៃដ៏ឧត្តុង្គឧត្តម បុព្វហេតុច្បាស់លាស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាតួអង្គដ៏សំខាន់ ក្នុងការ ការពារ ប្រជារាស្ត្រ និងកសាងប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព និងជីវភាពធូរធារទៅមុខជាលំដាប់។
នៅក្នុងឱកាសនោះដែរ លោក សឿង គឹមសាយ ក៏បានធ្វើការប្តេជ្ញាចិត្ត យកអស់កម្លាំងកាយ ចិត្តក្នុងការបម្រើគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដោយស្មោះត្រង់ ខិតខំប្រមែលប្រមូលអ្នកគាំទ្រ និងបំពេញការងារឱ្យមានប្រសិទ្ធិភាពជូនគណបក្ស ឱ្យទទួលបានជោគជ័យ៕