លោកជំទាវ ម៉ែន សំអន៖ ទិវាជាតិអំណាន ២០២៣បានឆ្លុះបញ្ជាំងពីការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងមនសិកាស្នេហាជាតិ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងគាំទ្រដល់ប្រធានបទ នៃទិវាជាតិអំណាន ឆ្នាំ២០២៣នេះ។ ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់ អំណាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ។ ម៉្យាងទៀត ប្រធានបទនេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន នៅចំពេលដែលសង្គមជាតិយើង ក៏ដូចជា ពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តថា នៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡាដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះបានជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។
ការប្រារព្ធទិវាជាតិអំណាន លើកទី៨ នេះជាទិវាជាតិប្រចាំឆ្នាំ ដើម្បីរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ, ពុះពារការពារមរតកវប្បធម៌, អក្សរសាស្រ្តខ្មែរ, និងក្នុងគោលបំណងបណ្តុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, ការស្មូត កំណាព្យ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួម សហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ដែលនឹងប្រារព្ធជារៀងរាល់ឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ចំពោះ ការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធ ឱ្យកាន់តែសកម្ម និងរស់រវើក ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ៕