សម្ដេចតេជោ ប្រកាសប្ដូរផ្ដាច់ការពារសន្ដិភាពដែលកម្ពុជាកំពុងមាន ហើយមិនយោគយល់ដាច់ខាតចំពោះអ្នកដែលបំផ្លាញសន្ដិភាព
ភ្នំពេញ៖ ក្នុងឱកាសរួមគ្នាជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិចេញពីភ្លើងសង្គ្រាម បានប្ដូរផ្ដាច់ការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នឹងមិនយោគយល់ជាដាច់ខាតចំពោះជនទាំងឡាយណាដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «រឿងឈឺចាប់ទាំងអស់នេះហើយ ដែលខ្ញុំត្រូវតែក្បាលរឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព ត្រូវចាំទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលស្រកអ្នកកុំសង្ឃឹមថា ហ៊ុន សែន អាចយោគយល់ដល់អ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ គេត្រូវយល់ខ្ញុំមិនភ្លើតភ្លើនជាមួយអំណាច ហើយក៏មិនទុកឲ្យអ្នកដែលចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចតែចិត្តនោះទេ គេត្រូវយល់ ត្រូវដឹងពីរឿងនេះ មិនថាដោយតម្លៃណាត្រូវការពារសន្ដិភាពឲ្យបាន»។
សម្ដេចបានសង្កត់ធ្ងន់ថា ទុក្ខសោកដែលសម្ដេចធ្លាប់បានឆ្លងកាត់ ហើយស្ដែងឡើងខ្លះៗ តាមរយៈរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នោះ ប្រៀបដូចជានិមិត្តរូប នៃទុក្ខសោកប្រជាជនកម្ពុជាទាំងមូល។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចនោះហើយ ទើបប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃនេះ ហើយសម្តេចបានយកក្បាលរបស់សម្តេច ត្រូវយកទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កាន់តំណែងរដ្ឋរយៈពេលជាង៤០ឆ្នាំហើយ ៨០ភាគរយ នៃយល់សុបិន គឺរឿងពីអតីតកាលនេះ ហើយទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់៕